Wednesday, March 11, 2009

ហេង ពៅ អតីតស្នង​ការ​ក្រុង​ភ្នំពេញ​​ រក្សា​ភាព​ស្ងៀម​ស្ងាត់ នៅ​ក្នុងសវនាការ​​ជំនុំ​ជម្រះ​លើក​​ទី​​៧​​​របស់​លោក

លោកហេង ពៅ អតីត​​​ស្នង​ការ​​នគរ​បាល​រាជ​ធានីភ្នំពេញ​ បាន​ឡើងមក​បង្ហាញមុខ​នៅ​ចំពោះ​​​តុលាការ​ក្រុង​ភ្នំពេញ នៅថ្ងៃ​អង្គារ ទី​១០ នៅ​ក្នុ​ងសំណុំ​រឿង​ក្តីសម​គំនិត​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​គិត​ទុកជា​មុន​​ លើរូប​លោក​សៅ សុខា ​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស កាល​ពីខែ​ធ្នូ ឆ្នាំ​២០០៣។ អតីត​នគរបាល​និង​កង​រាជ​អាវុធហត្ថ​​​​​៥​នាក់​ផ្សេង​ទៀត​​ក៏​ត្រូវ​ឡើង​ បំភ្លឺ​​នៅមុខ​តុលាការ​នៅ​ក្នុងសំណុំ​​រឿង​ក្តីនេះដែរ​ ប៉ុន្តែ ជន​ជាប់ចោទ​​ម្នាក់​ក្នុង​ចំណោម​​អ្នកទាំង​៥​ ​បាន​រត់ហែកគុក​​​​ចេញ​ពី​ពន្ធនាគារ​ព្រៃស។ ចំណុច​ចាប់ផ្តើម​នៃ​ការ​ដាក់​ពាក្យ​បណ្តឹង​នេះ​គឺ កើត​ឡើង​ចេញ​ពី​​សំបុត្រ​​គំរាម​កំហែង​អនាមិក​មួយ​ច្បាប់​ ដែល​ត្រូវ​បានផ្ញើមក​អោយ​លោក​សៅ សុខា កាល​ពី​ថ្ងៃ​ទី​២២ ខែធ្នូ​ ឆ្នាំ​២០០៣ ដើម្បី​ផ្តល់​ព័ត៌មាន​ថា​មាន​ការ​ប៉ុន​ប៉ង​​ធ្វើ​ឃាត​លោក​សៅ សុខា ពីសំណាក់​បក្ស​ពួក​របស់​លោក​​​​ហេង ពៅ។​ តុលាការ​នឹង​ប្រកាសសាល​ក្រម​​​នៅ​ថ្ងៃព្រហស្បតិ៍ ទី​១២ ខែមីនា។ អតីត​មេប៉ូលីស​ក្រុង​ភ្នំពេញ វ័យ​៥១​ឆ្នាំ​រូបនេះ​ ត្រូវ​​ជាប់ពន្ធនាគារ​រយៈ​ពេល​៥៨ឆ្នាំ ពីបទ​ឧក្រិដ្ឋកម្មជាច្រើន បន្ទាប់ពី​បាន​ធ្វើការ​ជំនុំ​ជម្រះ​ចំនួន​​៦លើក​រួច​មក។
មិនមានមេធាវី​ដែល​ខ្លួនចង់បាន​ គឺ​គ្មាន​​សក្ខីកម្ម...
បន្ទាប់ ​ពីការ​សាក​សួរ​ជន​ជាប់​ចោទ​​​ទាំង​៤​រូប​ម្តង​ម្នាក់​ៗ​បន្ទាប់មក [អ្នកទាំង​នេះ​បាន​បដិសេធ​ពិរុទ្ធភាព​របស់ខ្លួន និង​ប្រកាស​ថា​ខ្លួន​គ្មានទោស​ពៃរ៍នោះទេ] លោក​ចៅក្រម អ៊ីវ គីម​ស្រ៊ី បាន​​ហៅ​លោក​ហេង ពៅ ឡើងមក​កាន់​​សវនាការ។ ប៉ុន្តែ ស្ថិត​ក្នុង​សំលៀក​បំពាក់ពណ៌​ខៀវ​ជា​​អ្នក​ទោស​ លោក​ហេង ពៅ​បាន​បដិសេធ​មិន​​ឆ្លើយ​តប​ទៅនឹង​សំណួរ​របស់ចៅក្រម ហើយ​បដិសេធមិន​​​ទទួល​មេធាវី​ដែល​ត្រូវ​បាន​ជ្រើស​តាំង​អោយ​ការ​ពារ​ក្តី​ អោយលោក នោះ​គឺ​​លោក​មេធាវី នូ ចន្ថា។ ជន​ជាប់ចោទ​រូបនេះ​​បានសំដែង​ការ​មិន​ពេញចិត្ត​ថា​​ថា «ខ្ញុំរីក​រាយ ដែល​​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​លើ​រូប​ខ្ញុំ ប៉ុន្តែ ខ្ញុំ​សុំ​អោយ​តុលាការ​គោរព​នីតិវិធី​ការពារ​​ក្តី។ តុលាការ​បាន​​បង្កក​គណនីធនាគារ​របស់ខ្ញុំ​ ដើម្បី​បើកប្រាក់ជួល​​មេធាវីមាន​វិជ្ជាជីវៈ​​​​របស់ខ្ញុំ [លោក​កៅ​ ស៊ូផា]​។ តើ​តុលាការ​អាច​កាត់ទោស​ខ្ញុំ​​បានយ៉ាង​ដូចម្តេច បើ​តុលាការ​ផ្ទាល់​បាន​រំលោភ​នីតិវិធី?​»។ លោក​បាន​ស្នើសុំអោយ​ចៅក្រម​អាន​ច្បាប់​ ដែល​បានហាម​ឃាត់​ជន​ជាប់ចោទ​ ក្នុងការ​ជ្រើស​រើស​មេធាវីការ​ពារ​ក្តី​របស់​ខ្លួន។ ចៅក្រម​មិន​អាច​​ឆ្លើយ​តប​ទៅនឹង​សំណួរ​នេះ​ឡើយ។​

លោក​ហេង ពៅបាន​បរិហារ​ថា ដោយសារ​តុលាការ​បង្កក​គណនីធនាគារ​របស់លោក លោក​គ្មាន​លទ្ធភាព​​ផ្គត់​ផ្គង់​ថ្លៃ​សិក្សា​របស់​កូនតូចៗរបស់លោក មិនអាច​ទិញថ្នាំសង្កូវ​បាន​។ លោកហេង ពៅ​បាន​និយាយទៅកាន់តុលាការ​យ៉ាង​ម៉ឺងម៉ាត់ថា​ « ខ្ញុំសុំ​មិន​​ឆ្លើយ[​សំណួរ​របស់តុលាការ]​ ដរាប​ណា​ខ្ញុំ​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​បង់​ថ្លៃ​ជួល​មេធាវី​ប្រកប​ដោយ​ វិជ្ជាជីវៈ​របស់ខ្ញុំ។​ ខ្ញុំ​មិនដែល​សុំ​ជំនួយ​ផ្នែក​ច្បាប់ពី​តុលាការ​ឡើយ។ ខ្ញុំ​អាច​​មាន​លទ្ធភាព​ស្វែង​រក​មេធាវី​ផ្ទាល់​របស់ខ្ញុំ​បាន»។​

ប្រវត្តិ​នៃជម្លោះ នៅ​ក្នុងពិធីជប់លៀង​មួយ
ទោះ ​បីជា​លោកហេង​ ពៅ​ នៅស្ងៀម​ស្ងាត់ក៏ដោយ ក៏​ចៅក្រមនៅ​តែ​​​បន្ត​សវនាការ​។ ក្រឡា​បញ្ជី​​បាន​អាន​ចម្លើយ​​​របស់​លោក​​ហេង ពៅ ដែល​បានធ្វើ​ឡើងនៅចំពោះ​មុខ​ចៅក្រម​ស៊ើប​សួរនៃ​តុលាការ​​ក្រុង​ភ្នំពេញ កាលពីខែមករា ឆ្នាំ​២០០៧។ បើតាម​ចម្លើយនោះ​ លោក​ធ្លាប់មាន​ជម្លោះ​មួយ​ជាមួយ​លោក​សៅ សុខា នៅ​ក្នុង​ពិធីជប់លៀង​មួយ ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង។ ប៉ុន្តែ ក្រោយមក បើតាម​សំដីរបស់គាត់ ពួក​គេ​​បាន​រាប់​អាន​គ្នា​ឡើង​វិញ​។​

ក្រឡា​ បញ្ជី​បានអាន​ចម្លើយ​សារភាពរបស់​លោកហេង ពៅ​ថា «បន្ទាប់ពីជម្លោះ​នោះភ្លាម ខ្ញុំ​បាន​​ប្រកាស​ប្រាប់កូនចៅ​ខ្ញុំ​ថា​ បើ​ខ្ញុំ​ស្លាប់ គ្មាន​នរណា​ក្រៅពីលោក​សៅ សុខា ព្រោះ​គាត់​បានគំរាម​កំហែង​​ខ្ញុំ​ថា​អោយ​បញ្ឈប់​ការ​ចាប់​គ្រឿង​ញៀន​ ព្រោះ​វា​គ្មាន​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​ខ្មែរ​​ទេ វា​ប៉ះពាល់​បរទេស​ ព្រោះ​ប្រទេស​ខ្មែរ​គ្រាន់​តែ​ជា​កន្លែង​​ឆ្លង​កាត់​ប៉ុណ្ណោះ។ ក្រោយ​មក​ ឯក​ឧត្តម ហុក ឡង​ឌី បាននិយាយ​ប្រាប់ខ្ញុំ​ថា​លោក​សៅ សុខា មកជួប​គាត់ ទាំង​ប្តី​​ភរិយា ទទួល​ស្គាល់​ការ​ខុស​ឆ្គង​របស់ខ្លួន ចង់ជួប​ខ្ញុំ តែ​ខ្ញុំ​ថា​មិនចាំ​បាច់ទេ ហើយ​ក៏​មាន​ការ​ស្រុះ​ស្រួល​គ្នា​ឡើង​វិញ ដោយ​ខ្ញុំ​យល់​ថា​គាត់​ស្រវឹង។ ចំណែក​រឿង​សំបុត្រ​អនាមិក ខ្ញុំមិនបាន​សរសេរ​ទេ​ ហើយ​ខ្ញុំ​ក៏​ពុំ​បាន​បញ្ជា​អោយ​អ្នក​ណា​សរសេរ​ដែរ។​ ខ្ញុំមិន​ដែល​បាន​បញ្ជា​អោយ​ឈ្មោះ លី រ៉ាស៊ី ឈ្មោះហង្ស វុទ្ធី និង​ឈ្មោះ​ហង្ស វុត្ថា​អោយ​តាម​សម្លាប់​លោក​សៅ សុខា​ទេ»។

បន្ទាប់មក ក្រឡា​បញ្ជី​ក៏បានអាន​ចម្លើយ​របស់​លោកសៅ សុខា។ នៅ​ក្នុង​កំណត់​ហេតុ​យក​ចម្លើយ ​លោក​សៅ សុខា​​បាន​ទទួល​ស្គាល់​ថា​ពិត​ជា​ធ្លាប់​មាន​ជម្លោះ​ជាមួយ​លោក​ហេង ពៅ នៅក្នុង​ពិធីជប់លៀង​មួយ ដែលរៀប​ចំឡើង​ដោយ​លោក​ហុក ឡងឌី (អតីត​អគ្គស្នង​ការ​នគរបាល​ជាតិ ដែល​បាន​ទទួល​មរណភាព នៅ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ២០០៨ ) ។ «ថ្ងៃ​បន្ទាប់ លោកឧត្តម​សេនីយឃើញ​កាសែតចុះ​ផ្សាយ​ពាក្យ​ចចាម​​អារ៉ាម​ថា លោកសៅ សុខា​ភ្ជង់​លោកហេង ពៅ ហើយលោក​ហេង ពៅ យក​កាំ​ភ្លើង​ភ្ជង់​លោក​សៅ សុខាវិញ។ ​ក្រោយ​ពេល​​ទាស់គ្នា​នេះមក លោក​បាន​ទទួល​​លិខិត​អនាមិក​មួយ​»។​ នៅ​ក្នុង​សវនាការ ដោយ​មិន​ហ៊ាន​បញ្ជាក់​រឿង​អ្វី លោកហេង ពៅ បាន​លើក​ឡើង​ម្តង​​​​ទៀត​​ថា លោក​សៅ សុខា បាន​សុំ​អោយ​គាត់​ឈប់​«ធ្វើ​ការងារ​» បើ​មិន​ដូច្នោះ​ទេ គាត់«​អាច​នឹង​ស្លាប់នៅក្នុង​គុក»។ ជា​ចុង​ក្រោយ លោ​ក​ហេង​​ ពៅ​ មិនបាន​បង្ហាញ​សំណូម​ពរ​ ណា​មួយ នៅចំពោះ​មុខ​តុលាការ​នោះទេ ដោយ​អះអាង​ថា​តុលាការ​មិន​អាច​ជួយ​លោក​​នៅក្នុង​សំណុំរឿង​ក្តី​បែ​បនេះ​បាន​ ឡើយ។​

0 comments:

Post a Comment